កម្រង​រូបភាព​ពិធី​ដង្ហែរ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ត្រឡប់​ទៅ​ស្រុក​កំណើត

ពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី បានចាប់ផ្ដើមចេញដំណើរពីវត្តពោធិយារាម ហៅវត្តចាស់ ឆ្ពោះទៅស្រុកកំណើតរបស់លោក នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៦ ដោយមានមនុស្សរាប់សែននាក់ចូលរួមដង្ហែរណែនណាន់តាន់តាប់លើដងផ្លូវ។

ខាងក្រោមនេះជាកម្រងរូបភាពមួយចំនួននៃពិធីនេះ ដែលខ្ញុំបានផ្ដិតយក។

កម្រង​រូបភាព​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្ដែត​ប្រទីប

បុណ្យអុំទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែត​ប្រទីប ​​ជា​ពិធីបុណ្យ​មួយ​ដ៏​ធំ ដែលត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​​ជា​រៀងរាល់ឆ្នាំ រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៤ ​និង ​១៥ កើត និង​ថ្ងៃ​ទី ​១ រោច ​នៃ​ខែកក្ដិក នៅ​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះ​បរម​រាជ​វាំង។ នៅ​ពេល​ថ្ងៃ មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវបុរស-នារី ហើយ​នៅ​ពេល​យប់ មាន​ការ​បណ្ដែត​ប្រទីប និង​បាញ់​កាំ​ជ្រួច​យ៉ាង​កង​រំពង។ នៅ​ពាក់​កណ្ដាល​​រាត្រី​ថ្ងៃ ១៥ កើត ត្រូវ​ជា​រាត្រី​ទី​ពីរ​នៃ​ពិធី​បុណ្យ គេ​ប្រាព្ធពិពី​បុណ្យ​អក​អំបុក សំពះ​ព្រះ​ខែ​។

IMG_5221

ពិធី​បុណ្យ​អុំ​ទូក ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​​ឡើង​តាំង​ពី​សម័យ​បុរាណ​មក​ម៉្លេះ គឺ​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វធន (​ជ័យវរ្ម័ន​ទី​ ៧) ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​ច្បាំង​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​របស់​ពួក​ខ្មាំង​សត្រូវ ​(​ប្រទេស​ចំប៉ា)។

ពិធី​អកអំបុក សំពះ​ព្រះ​ខែ ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ព្រះ​ពោធិសត្វ​ដែល​បាន​យក​កំណើត​ជា​សត្វ​ទន្សាយ  ហើយ​បាន​លះ​បង់​អាយុ​សង្ខារ​ក្នុង​ការ​បំពេញ​បារមី​ទាន​ដល់​ឥន្ទ្រ​ព្រាហ្មណ៍។ ​នៅ​តាម​វត្ត​អារាម និង​ភូមិ​ស្រុក ក៏​មាន​ធ្វើ​ពិធីនេះ​ផង​ដែរ ដោយ​មាន​រៀបចំ​ពិធី​សែន​ព្រេន មាន​អំបុក ​​ដូង ចេក និង​ផ្លែ​ឈើ ជា​ដើម ហើយ​ពេល​យប់​ជ្រៅ គេ​ក៏​ចាប់​ផ្ដើម​​បរិភោគ​អំបុក​ជាមួយ​ចេក ឬ​ដូង ឬ​ក៏​គេ​បញ្ចុក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សប្បាយ​រីក​រាយ។

ពិធី​បណ្ដែត​ប្រទីប គឺ​ដើម្បី​រំឭក​គុណ​ដល់​ព្រះ​គង្គា និង​ព្រះ​ធរណី ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​ក្សេម​ក្សាន្ដ ភោគ​ផល​កសិកម្ម និង​មុខ​របរ​ចិញ្ចឹម​ជិវិត​ប្រចាំ​ថ្ងៃ។

ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ មាន​ទូក​អុំ និង​ទូក​ចែវ ចូល​រួម​ចំនួន ២៤៨ ចាន​ចុះ​ឈ្មោះ​ចូល​ប្រកួង ប៉ុន្តែ​ជាក់​ស្ដែង​បាន​តែ ២៤៥ ប៉ុណ្ណោះ​ដែល​បាន​មក​ចូល​រួម និង​មាន​កីឡាករ កីឡាការនី​ចំណុះ​ទូក​ចំនួន​ ១៧,៤២១ នាក់។ ទូក​ដែល​បាន​ចូល​រួម​នៅ​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ ២០១០ ដែល​មាន​ទូក​ចំនួន​ ៤២១។

អ្វី​ជា​ការ​កត់​សម្គាល់ គឺ​ទូក​ភាគ​ច្រើន​ (៥៨% ឬ ១៤៤ ក្នុង​ចំណោម ២៤៨​ ទូក) ​មាន​ឈ្មោះ​ខាង​ចុង​ថា “…​សែន​ជ័យ” ឬ​ “…​តេជោ​សែន​ជ័យ”។ ???

ខាង​ក្រោម​នេះ​ជា​កម្រង​រូបភាព​នៃ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ថ្ងៃទី​ពីរ ដែល​ខ្ញុំ​បាន​ចុះ​ផ្ដិត​យក​ដោយ​ផ្ទាល់​នៅ​នឹង​កន្លែង។

កម្រង​រូបភាព នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​បរមរតនកោដ្ឋ

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​មរមអដ្ឋិ ព្រះ​បរមរតនកោដ្ឋ ត្រូវ​បាន​ប្រាព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃសុក្រ ១៥​កើត ខែ​អាសាឍ ឆ្នាំ​មមី ឆ​ស័ក ព.ស.​ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ចាប់​ផ្ដើម​ចេញ​ពី​មហាវិថី​សម្ដេច​សុធារស​ខាង​មុខ​ព្រះ​បរម​រាជវាំង បត់​ឆ្វេង​តាមផ្លូវ​ព្រះ​ធម្មលិខិតអ៊ុក​ជាប់​ព្រះបរមរាជវាំង​ ឆ្ពោះទៅកាន់​មហា​វិថី​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង រួច​បត់​ត្រង់​វិមាន​ឯករាជ្យ​ពី​លិច​ទៅ​កើត​តាម​មហាវិធី​ព្រះ​សីហនុ និង​បត់​ឆ្វេង​តាម​មហាវិធី​សម្ដេច​សុធារស​ទៅ​ដល់​ព្រះ​បរម​រាជ​វាំង​វិញ។

ខាង​ក្រោម​នេះ ជា​កម្រង​រូបភាព​មួយ​ចំនួន ដែល​ខ្ញុំ​បាន​ចុះ​ផ្ដិត​យក​នៅ​តាម​ទីតាំង​ខ្លះៗ​នៃ​ពិធី​នេះ ៖

រមណីយដ្ឋាន Hanauma Bay នៃ​រដ្ឋ​ហាវ៉ៃ

បន្ទាប់​ពី​បាន​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​ក្នុង​ការ​ធ្វើ​ដំណើរ​ឡើង​ភ្នំ Diamond Head State Monument រួច​មក ខ្ញុំ​បាន​បន្ត​ដំណើរ​ទៅ​ទស្សនា និង​កំសាន្ត​នៅ​ឆ្នេរ​សមុទ្រ Hanauma Bay ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរ​ ភាគ​អាគ្នេយ៍​នៃ​កោះ​ O’ahu (ខាង​កើត​ទីក្រុង Honolulu) នៃ​រដ្ឋ​ហាវ៉ៃ។

Hanauma គឺ​ជា​ឆ្នេរ​សមុទ្រ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សារ​បន្ទុះ​ភ្នំ​ភ្លើង​កាល​ពី​ប្រមាណ ៣២០០០​ឆ្នាំ​​មុន ហើយ​បច្ចុប្បន្ន​គឺ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់​ទាញ​មួយ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​នៅ​រដ្ឋ​ហាវ៉ៃ​នេះ។

សម្រាប់​ការ​ចូល​ទៅ​កំសាន្ត​​ម្ដង គេ​ត្រូវ​ទិញ​សំបុត្រ​ក្នុង​តម្លៃ ៧.៥ ដុល្លា​ សម្រាប់​មនុស្ស​ម្នាក់ ប៉ុន្តែ​សម្រាប់​សិស្ស និង​និស្សិត​ដែល​រៀន​នៅ​រដ្ឋ​ហាវ៉ៃ គេ​មិន​គិត​ថ្លៃ​ទេ។

នៅ Hanauma Bay គេ​អាច​ហែល​ទឹក​សមុទ្រ​លេង សម្រាក​លំហែរ​កាយ​នៅ​លើ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត ឬ​ក៏​ជ្រមុជ​ទឹក​មើល​មច្ឆា​ជា​ច្រើន​ប្រភេទ​នៅ​ទី​នោះ។ ការ​ជ្រមុជ​ទឹក​មើល​មច្ឆា គេ​តម្រូវ​ឲ្យ​មាន​ឧបករណ៍​ជ្រមុជ​ទឹក​ត្រូវ​ត្រូវ ដែល​អាច​ជួល​បាន​នៅ​ទី​នោះ ឬ​ក៏​នាំ​យក​ទៅ​ដោយ​ខ្លួន​ឯង។

ខាង​ក្រោម​នេះ ជា​រូបភាព​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ផ្ដិត​យក​កំឡុង​ពេល​កំសាន្ត​នៅ​ទី​នោះ។

រូបភាពរូបភាពរូបភាពរូបភាពរូបភាពរូបភាព

ការ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ Diamond Head State Monument

Diamond Head ជា​ឈ្មោះ​រណ្ដៅ​ភ្នំភ្លើង​ដែល​មាន​រាង​ដូច​ចាន​សំប៉ែត ឬ​បាត​ខ្ទះ​​ បាន​កកើត​​ឡើង​ប្រមាណ​ ៣០០,០០០ ឆ្នាំ​កន្លង​មក​ហើយ ដោយ​សារ​បន្ទុះ​ភ្នំភ្លើង។​ រូប​រាង​​ដែល​មាន​តែ​មួយគត់​នៃ Diamond Head នេះ ផុស​ឡើង​យ៉ាង​ខ្ពស់​នៅ​ជ្រុង​ខាង​កើត​នៃ​ឆ្នេរ Waikiki ទីក្រុង Honolulu រដ្ឋ​ហាវ៉ៃ។ ទីតាំង​នេះ​ល្បី​ល្បាញ​ខ្លាំង​ដោយ​សារ​ផ្លូវ​ឡើង​ភ្នំ​ជា​ប្រវត្តិ​សាស្ត្រ​របស់​វា និង​ការ​មើល​ទិដ្ឋភាព​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​បំព្រង​ពី​លើ​កំពូល​ភ្នំ។ Diamond Head State Monument មាន​ទំហំ​ប្រមាណ ២ គីឡូម៉ែត្រ​ការ៉េ ដោយ​រួម​បញ្ចូល​ទាំង​ផ្ទៃ​ខាង​ក្នុង និង​ជម្រាល​ទេរ​ផ្នែក​ខាង​ក្រៅ​នៃ​រណ្ដៅ​ភ្នំ​ភ្លើង​។

ផ្លូវ​ទៅ​កាន់​កំពូល​ភ្នំ Diamond Head ត្រូវ​បាន​ត្រួស​ត្រាយ​នៅ​ឆ្នាំ ១៩០៨ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​ឆ្នេរ​កោះ O’ahu។ ការ​ឡើង​ភ្នំ​ដែល​មាន​ចម្ងាយ ១.៣ គីឡូម៉ែត្រ ពី​ដើម​ផ្លូវ​រហូត​ដល់​កំពូល មាន​សភាព​ចោត និង​លំបាក ដែល​មាន​កម្ពស់​ប្រមាណ ១៧០ ម៉ែត្រ​គិត​ពី​បាត​រណ្ដៅ​ដល់​កំពូល។ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ ផ្លូវ​និង​ជណ្ដើរ​​បេតុង ​បង្កាន់​ដៃ កន្លែង​ឈប់​សម្រាក និង​ការ​ចោះ​ភ្នំ ​ត្រូវ​បាន​កសាង​​​ឡើង។

ធ្វើ​ដំណើរ​ដល់​កំពូល​ភ្នំ គេ​អាច​មើល​ឃើញ​ទៅ​ទិស​ខាង​លិច ខាង​ត្បូង និង​ខាង​កើត​នូវ​​សមុទ្រ ​​ឆ្នេរ​សមុទ្រ និង​អគារ​ខ្ពស់ៗ​នៅ​តាម​បណ្ដោយ​ឆ្នេរ​​​​ដ៏​ធំ​ល្វឹង​ល្វើយ និង​​ស្រស់​បំព្រង។ ចំណែក​ទិស​ខាង​ជើង​វិញ គេ​អាច​មើល​ឃើញ​ជួរ​ភ្នំ​ជា​ច្រើន​វែង​អន្លាយ និង​ផ្ទះ​ប្រជាជន​ជា​ច្រើន​ស្អេក​ស្កះ​នៅ​តាម​ចង្កេះ​ភ្នំ។

IMG_6237

IMG_6199

IMG_6154

IMG_6140

IMG_6129