ការ​កត់​សម្គាល់ ៖ សត្វ​ស្លាប​នៅ​កម្ពុជា​កំពុង​មាន​​ការ​កើន​ឡើង​វិញ

ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ៖ ហ្វូង​សត្វ​កុក​កំពុង​សំកុក​ចាំ​ចាប់​ចំណី​នៅ​លើ​វាល​ស្រែ ក្បែរ​ជើង​ព្រៃ​ស្មាច់។

ខ្ញុំ​មាន​ដើម​កំណើត និង​ធំ​ដឹង​ក្ដី​នៅ​ឯ​ជន​បទ​ស្រុក​ស្រែ នៃ​ខេត្ត​តាកែវ។

ខ្ញុំ​នៅ​ចាំ​បាន​ថា កាលពី​ទសវត្ស​ឆ្នាំ ៨០ គឺ​នៅ​ពេល​ខ្ញុំ​ស្ថិត​ក្នុង​កុមារភាព​នៅ​ឡើយ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មាន​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ ដូចជា លលក សារិកា គ្រលេងគ្រលោង ចាប ព្រាប ក្រួច កុក។ល។ មាន​នៅ​ពាស​ពេញ​វាល​ស្រែ និង​ដើម​ឈើ។ ក្រោយ​មក គឺ​នៅ​ទសវត្ស​ឆ្នាំ ៩០ រហូត​ដល់​ឆ្នាំ ២០០០ ប្លាយ សត្វ​ស្លាប​ប្រភេទ​ទាំង​នេះ​កាន់​តែ​វិនាស​ហិន​ហោច​ទៅៗ។

ប៉ុន្តែ​នៅ​រយៈពេល​បួន​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​ខ្ញុំ​ទៅ​លេង​ស្រុក​ម្ដងៗ ខ្ញុំ​សង្កេត​ឃើញ​សត្វ​ស្លាប​ទាំង​នេះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ជា​ពិសេស​នៅ​រដូវ​វស្សា។ នៅ​ពេល​សន្ទូង​បែក​គុម្ព បើ​យើង​សម្លឹង​ទៅ​វាស​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ យើង​នឹង​ឃើញ​សត្វ​កុកជា​ហ្វូង​តូចៗ កំពុង​សំកុក​ចាំ​ចាប់​ចំណី និង​ហើរ​ឆ្វែល​ឆ្វាត់។ ចំណែក​ឯ​សារិកា និង​គ្រលេង​គ្រលោង ក៏​មាន​ច្រើន​គួរ​សមដែរ។ លលក​ដែល​សឹង​តែ​ផុត​ពូជ កំពុង​ហើរ​ទាំង​គូៗ ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ យំឆ្លង​ឆ្លើយ​គ្នា។ នៅ​តំបន់​មួយ​ចំនួន​ទៀត ដូចជា​ខេត្ត​កំពង់​ស្ពឺ និង​កោះកុង (ស្រុក​ស្រែ​អំបិល) ដែល​ខ្ញុំ​បាន​ទៅ​ដល់ ក៏​មិន​ខុស​គ្នា​ដែរ។ ទាំង​នេះ​បញ្ជាក់​ថា ចំនួន​សត្វ​ស្លាប​កំពុង​តែ​កកើត និង​កើន​ឡើង​វិញ​ហើយ។

តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ចំនួន​សត្វ​ស្លាប​កើន​ឡើង​វិញ ?

១. កត្តា​មនុស្ស និង​កត្តា​ជីវភាព ៖ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​មាន​ការ​ដល់​ដឹង​បាន​ច្រើន​ជាង​មុន ចេះ​ស្រឡាញ់​បរិស្ថាន និង​ធម្មជាតិ គួប​ផ្សំ​នឹង​កម្រិត​ជីវភាព​កាន់​តែ​មាន​ភាព​ធូរធា​ជាង​មុន ពេល​នោះ​ពួកគាត់​នឹង​បោះ​បង់​បន្តិចម្ដងៗ​ពី​ការ​ប្រមាញ់​សត្វ​ស្លាប​ដើម្បី​យក​មក​បរិភោគ ឬ​ក៏​ធ្វើ​អាជីវកម្ម។ ម៉្យាង​ទៀត នៅ​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​មាន​ការងារ​ធ្វើ ឬ​ក៏​រវល់​នឹង​ការងារ មនុស្ស​មិន​មាន​ពេល​វេលា​ទៅ​ប្រមាញ់​សត្វ​ស្លាប​តូច​តាច​ដូច្នេះ​នោះ​ទេ។

២. កត្តា​ច្បាប់ និង​ការ​​អប់រំ ៖ ដោយ​សារ​មាន​ច្បាប់​ហាម​ប្រាម​ការ​ធ្វើ​អាជីវកម្ម​ប្រភេទ​សត្វ​ស្លាប និង​សត្វ​ព្រៃ​កម្រ​មួយ​ចំនួន និង​ការ​អប់រំ​តាម​សារព័ត៌មាន​ ដូចជា ទូរទស្សន៍ វិទ្យុ ព្រឹត្តិបត្រ កាសែត ទស្សនាវដ្ដី ខិតប័ណ្ណ បាន​ជម្រុញ​ប្រជាពលរដ្ឋ​យល់​ដឹង និង​កែ​ប្រែទម្លាប់​បំផ្លាញ​សត្វ​ស្លាប និង​សត្វ​ព្រៃ។

៣. កត្តា​សាសនា ៖ ព្រះ​ពុទ្ធ​សាសនា តែង​តែ​អប់រំ និង​ទូន្មាន​ប្រជាពលរដ្ឋ​ពុទ្ធសាសនិក​អំពី​អំពើ​បុណ្យ​និង​បាប ល្អ​នឹង​អាក្រក់ ឲ្យ​ចេះ​ស្រឡាញ់​ធម្មជាតិ និង​ជីវិត ទាំង​ជីវិត​មនុស្ស និង​សត្វ។ ការ​អប់រំ​បែប​នេះ​ជា​រឿយៗ​ទៅ មនុស្ស​ក៏​ចេះ​តែ​ចង​ចាំ និង​កែ​ប្រែ​បន្តិច​ម្ដងៗ​ទៅ​តាម​ឱកាស និង​ពេល​វេលា។

ទាំង​នេះ​គ្រាន់​តែ​ជា​ការ​គិត និង​យល់​ឃើញ​របស់​ខ្ញុំប៉ុណ្ណោះ។ បើ​សិន​ជា​លោក​អ្នក​អាន មាន​គំនិត​អ្វី​ប្លែក​ពី​នេះ ឬ​មាន​ការ​យល់​ឃើញ​បន្ថែម​ទៀត សូម​បញ្ចេញ​មតិ​យោបល់​ដោយ​ក្ដី​រីករាយ។

Posted on 14 ខែសីហា 2011, in បរិស្ថាន និង​ជីវិត and tagged , , , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: