កម្មវិធី “ឡូយ9” របស់​ទូរទស្សន៍ CTN

លោក​អ្នក​ប្រហែល​ជា​បាន​ទស្សនា​ដែរ​ហើយ​នូវ​កម្មវិធី “ឡូយ9” របស់​ស្ថានីយ៍​ទូរទស្សន៍ CTN កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។ ចំពោះ​ដំណើរ​កម្មវិធី​ទាំង​មូល ខ្ញុំ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ចំណង​ជើង​កម្មវិធី​ដែលគេ​ឲ្យ​ឈ្មោះ​ថា “ឡូយ9” នេះ​ឯង។

យើង​ធ្លាប់​តែ​យក​ពាក្យ “ឡូយ” ​នេះ​មក​និយាយ​លេង ឬ​ប្រើ​សម្រាប់​ភាសា​និយាយ។ ដឹង​អី​ CTN យក​ពាក្យ​នេះមក​ដាក់​ចំណង​ជើង​កម្មវិធី ដោយ​បន្ថែម​ពាក្យ​ ៩ នៅ​ខាង​ចុង​ទៀត។

ខ្ញុំ​សូម​លើក​យក​ឈុត​មួយ​ក្នុង​កម្មវិធី​នេះ​ដែល​និយាយ​ទាក់​ទង​ដល់​ពាក្យ “ឡូយ” នេះ ​មក​បង្ហាញ​បន្តិច​ទៅ​ចុះ។ ពិធីការនី​ម្នាក់​គេ​ដើរ​ធ្វើ​សម្ភាសន៍​ជាមួយ​យុវវ័យ​មួយ​ចំនួន​ថា​តើ​គេ​យល់​ដូចម្ដេច​ចំពោះ​ពាក្យ​ថា “ឡូយ” នេះ។ ដំបូង យុវតី​ពីរនាក់​គេ​យល់​ថា ការ​ដែល​គេ​មាន​សម្លៀក​បំពាក់​ស្អាត​បាត មាន​សម្ភារ​ប្រើ​ប្រាស់​ទំនើប គឺ​គេ​ហៅ​ខ្លួន​គេ​ថា​ឡូយ។ ចំណែក​យុវជន​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ធំ​ពណ៌​លឿង គឺ​គេ​ឡូយ ដោយ​សារ​មាន​ម៉ូតូ​ថ្លៃ​ជិះ។ ហើយ​យុវតី​ម្នាក់​ទៀត ការ​ដែល​ខ្លួន​គេ​រៀន​ពូកែ បាន​ន័យ​ថា​ខ្លួន​គេ​ឡូយ។ រីឯ​បុរស​ម្នាក់​ដែល​ជា​អ្នក​ធ្វើការ អង្គុយ​លើ​កៅអី មាន Laptop នៅ​លើ​តុ​ពី​ខាង​មុខ គាត់​យល់​ថា ការ​ដែល​គាត់​ខិត​ខំ​ធ្វើ​ការ​បាន​សម្រេច ទាន់​ពេល​វេលា មាន​ប្រាក់​កាស​គ្រប់​គ្រាន់ មាន​ការងារ​ល្អ គ្រួសារ​មាន​សុភមង្គល គឺ​គាត់ឡូយ។

និយាយ​ពី​ខ្ញុំ​វិញ​ម្ដង កាល​ពី​មុន ខ្ញុំ​តែង​តែ​យល់​ថា​ពាក្យ “ឡូយ” គឺ​សំដៅ​ទៅ​ន័យ​ថា អស្ចារ្យ សង្ហារ ស្អាត ប្លែក។ល។ ដូច​ដែល​គេ​និយាយ​ពេល​សម្ភាសន៍​ខាង​លើ​អញ្ចឹង។ ប៉ុន្តែ​អ្វី​ដែល​​ខ្ញុំ​​ដឹង​គឺ​ថា ពាក្យ “ឡូយ” នេះ ជា​ពាក្យ​វៀតណាម ឬ​ហៅ​ថាពាក្យ​កម្ចី​ពី​វៀតណាម ហើយ​ខ្ញុំ​ក៏​មិន​ប្រាកដ​ថា​វា​មាន​នៅ​ក្នុង​វចនា​នុក្រម​ខ្មែរ​ដែរ​ឬ​អត់។ មិន​អស់​ចិត្ត ក៏​ចាប់​ទាញ​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត មក​បើក​មើល។

ព្រះ​អ្ហាយ៍ ន័យ​ខុស​ពី​អ្វី​ដែល​ខ្ញុំ​បាន​គិត ក៏​ដូច​ជា​អ្នក​ផ្សេង​បាន​គិត ១៨០ ដឺក្រេ។ តោះ​ទៅ​មើល​វចនានុក្រម​ទាំង​អស់​គ្នា។

ឡូយ គុ. ឬ កិ. វិ. ពាក្យ​សាមញ្ញ​ទំនើប​ថ្មី​ប្រើ​កាត់​ខ្លី​មក​ពី​ពាក្យ ឡូយថូយ សំដៅ​សេចក្ដី​ថា “ផ្ដេស, ផ្ដេស​ផ្ដាស” ៖ មនុស្ស​ឡូយ, គំនិត​ឡូយ; កុំ​ឡូយ​ពេក ! (ម. ព. ឡូយថូយ ផង)។

អញ្ចឹង​យើង​ទៅ​មើល​ពាក្យ “ឡូយថូយ” បន្ត​ទៀត។

ឡូយថូយ គុ. ឬ កិ. វិ. (យ.) ដែល​មិន​យក​ចិត្ត​ទុក​ដាក់, សោះ​អង្គើយ; ខ្ជីខ្ជា; ដែល​តាម​តែ​បាន, តាម​តែ​រួច​ពី​ដៃ; ដែល​ឥត​ប្រយោជន៍; ផ្ដេស​ផ្ដាស : គំនិត​ឡូយថូយ; ធ្វើការ​ឡូយថូយ (ពាក្យ​សាមញ្ញ​ទំនើប​ថ្មី)។

ដល់​អញ្ចឹង តើ​កម្មវិធី “ឡូយ9” បាន​ន័យ​ថា​ម៉េច ??? តើ​លោក​អ្នក​យល់​យ៉ាង​ណា ??? 

បញ្ញាក់ ៖ គុ. = គុណនាម, កិ. វិ. = កិរិយាស័ព្ទ​វិសេស, ម. ព. = មើល​ពាក្យ, យ. = យួន។

Posted on 16 ខែមករា 2012, in វប្បធម៌, SOCIAL ISSUES and tagged , , , . Bookmark the permalink. មតិ 14.

  1. ពាក្យ វា​កែ​ប្រែ​អត្ថន័យ​ទៅ​តាម​សម័យ ទៅ​តាម​កាល នៅ​ពេល​ដែល​វចនានុក្រម​កំណែ​ថ្មី​កើត​ឡើង គេ​អាច​បន្ថែម​ន័យ​ថ្មី​ដែល​យើង​ប្រើ​នៅ​សម័យ​បច្ចុប្បន្ន​នេះ​បាន…

    • ខ្ញុំ​មិន​យល់​ទាស់​នឹង​អី​នឹង​ចំណង​ជើង​កម្មវិធី​នេះ​ទេ។ គេ​ធ្វើ​អ្វី​មួយ​គឺ​ដើម្បី​បាន​ភាព​ទាក់​ទាញ និង​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា។ ហើយ​ខ្ញុំ​ក៏​យល់​ដែរ​ថា​ពាក្យ​ឡូយ​នេះ​គេ​ប្រើ​ជា​ទូទៅ​ទៅ​ហើយ​ដែល​មាន​ន័យ​វិជ្ជមាន ច្រើន​ជាង​ន័យ​អវិជ្ជមាន។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សរសេរ​នេះ គឺ​គ្រាន់​តែ​ចង់​ជម្រាប​ជូន​ពី​អត្ថន័យ​ពិត​ប្រកដ និង​ឫស​គល់​នៃ​ពាក្យ​នេះ​ប៉ុណ្ណោះ។

  2. ឡូយ​៩ ជា​ គម្រោង​មួយ​របស់​ BBC ​Media Action ក្រោម​ជំនួយ​ឧបត្ថម្ភ ពី UNDP មិន​មែន​ជា​ កម្មវិធី​របស់​ CTN ទេ។ ឡូយ​៩ ផ្តោត​លើ​យុវវ័យ​ ហើយ​លើកទឹក​ចិត្ត​​យុវវ័យ​​ឱ្យ​ចូលរួម​​ចែករំលែក​បទពិសោធន៍ជីវិត​ ឬសង្គម គ្រប់​តំបន់​ក្នុងប្រទេស តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ដ៏សម្បូរបែប មាន​ ទូរទស្សន៍ វិទ្យុ អ៊ីនធើណែត ​អ្នកឡូយ​៩ ។ល។ ឡូយ​៩ ​បង្ហាញពី សក្តានុពល​របស់​យុវវ័យផ្ទាល់​ខ្លួន គោល​ដៅ​ចុង​ក្រោយ​ ដើម្បី​ជួយ​យុវវ័យ​ឱ្យ​ក្លាយ​ជា​អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់​ ពង្រឹង​អំណាច និង​លើកទឹកចិត្ត​ឱ្យ​មាន​ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា។

    • អរគុណ​ដែល​បាន​ចែក​រំលែក​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​នេះ។ ខ្ញុំ​ទើប​តែ​បាន​ចូល​ទៅ​អាន​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ​របស់​គេ ហើយ​ក៏​បាន​យល់​ខ្លះៗ​ដែរ។ តាម​ពិត​ទៅ គេ​គ្រាន់​តែ​ជួល​ម៉ោង​របស់ CTN ចាក់​តែ​ប៉ុណ្ណោះ។

  3. ង៉ោង៩ ( ផ្តេសផ្ដាស៩)​= ឡូយ៩.. គេចង់សំដៅថា សព្វថ្ងៃ យុវវ័យឈ្ងក់វង្វេងសម្ភារៈនិយម មានរបស់មិនចេះទុកដាក់ ចេះតែដើរអួតគេ។
    ឥតប្រយោជន៍៩ មានន័យថា ឡូយ៩ ដែលសបញ្ជក់ពីសម័យកាលមួយពោពេញទៅដោយ ភាពអាណាធិបតេយ្យរបស់យុវវ័យក៏ដូចជាក្មេងទំនើង! កម្មវិធីហ្នឹងអត់ខុសទេ ខុសត្រង់គេយល់ខុស…
    ខ្ញុំនិយាយលេងៗទេ កុំប្រកាន់ 😆

    • មិន​មែន​និយាយ​លេង​ទេ មតិ​របស់​ Monyrinataro គឺ​ពិត​ជា​​ត្រឹម​ត្រូវ​។ យុវវ័យ​យើងជា​ច្រើន​នា​​បច្ចុប្បន្ន​កាល​នេះ​ រួម​ទាំង​យុវចាស់​មួយ​ចំនួន​ក្រែល​ផង​ដែរ គឺ​ចូល​ចិត្ត​តែ ឡូយ៩ (ផ្ដេស​ផ្ដាស​៩) ហ្នឹង​ឯង។

  4. ពិតមែនហើយ ឡូយ៩ ពិតជាឡូយលែងនិយាយ(meloy9)

  5. ខ្ញុំធ្លាប់ឮចាស់ៗនិយាយពាក្យឡូយថូយនេះតាំងពីខ្ញុំនៅក្មេង គាត់សំដៅដល់ពូម្នាក់ដែល​គិតតែដើរលេង រៀនក៏មិនជាប់លាប់ហើយ ពូកែខាងកាប់ចាក់គ្នានិងតាមស្រី។ «អានេះវាឡូយថូយណាស់ គ្មានកើតការអ្វីទេ កុំយកវាទៅជាមួយ!»
    តែអត់ដែលបានបើកវចនានុក្រមទេ។

  6. ក្រោយជំនាន់លន់ នល់ អ្វីៗបានចាប់ផ្ដើមពីចំនុចសូន្យ ព្រោះក្រោយពីបែកទីក្រុងភ្នំពេញមក!
    មានពាក្យខ្លះបានយល់ផ្ទុយពីពាក្យដើម ហើយចំនែកពាក្យខ្លះក៏បានបន្ថែមថ្មី ដូចជាពាក្យកុំព្យូទ័រ អេក្រង់អីនេះ! អ្នកដែលមានលើវចនានុក្រម មិនប្រាកដថាត្រូវទាំងអស់នោះទេ ព្រោះសព្វថ្ងៃមានពាក្យថ្មី សឹងតាមមិនទាន់! ដូចនេះសូមហៃអើយៗ តាមតែគេរ៉េ

    • ជា​ការ​ពិត​ហើយ វាក្យស័ព្ទ​តែង​តែ​រីក​ចម្រើន និង​កកើត​ទៅ​តាម​សម័យកាល។ ប៉ុន្តែ​ខ្ញុំ​ដូចជា​ពុំ​ទាន់​ទទួល​ស្គាល់​​ទេ​​ការ​ដែល​យល់ថា “ពាក្យ​ដែល​មាន​នៅ​ក្នុង​វចនានុក្រម​មិន​ប្រាកដ​ថា​ត្រូវ​ទាំង​អស់​នោះ​ទេ”។ ខ្ញុំ​យល់​ថា “ពាក្យ​ដែល​មាន​នៅ​ក្នុង​វចនានុក្រម​សុទ្ធ​តែ​ត្រឹម​ត្រូវ” ពី​ព្រោះ​មុន​នឹង​បោះ​ពុម្ព​​វចនានុក្រម​មួយឲ្យ​ប្រើ​ប្រាស់​ គឺ​គេ​មាន​ក្រុម​ការងារ​ដែល​សុទ្ធ​សឹង​ជា​អ្នក​រៀន​សូត្រ​ខ្ងង់​ខ្អស់​ទាំង​ផ្នែក​ភាសា (រាប់​ទាំង​ភាសា​ខ្មែរ បាលី សំស្ក្រឹត និង​ភាសា​បរទេស) អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ។ល។ ពិភាក្សា និង​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់។ ចំណែក​ពាក្យ​ថ្មី​ដែល​មិន​ទាន់​បាន​ដាក់​បន្ថែម​ទៅ​ក្នុង​វចនានុក្រម​ទៅ​វិញ​ទេ ដែល​មិន​ដឹង​ថា​ត្រឹម​ត្រូវ ឬ​ក៏​ខុស​នោះ។

  7. ឡូយ៩​ មិនគួរអោយបារម្មណ៍ តែបារម្មណ៍ត្រង់មតិឡូយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: