Monthly Archives: ខែតុលា 2012

ពិធី​បង្សុកូល ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និងការ​ធ្វើ​​សមាធិ​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង

ព្រះ​សង្ឃរាប់​ពាន់​អង្គ និង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​និមន្ត និង​អញ្ជើញ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ព្រះ​បរមរាជវាំង កាល​ពី​ល្ងាច​ថ្ងៃទី ២៣ ខែ​តុលា ឆ្នាំ ២០១២ ដើម្បី​សម្ដែង​នូវ​សេចក្ដី​គោរព​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ធ្វើ​ពិធី​សូត្រ​មន្ត បង្សុកូល ព្រម​ទាំង​ការ​ធ្វើ​ពិធី​សមាធិ​រយៈពេល​ខ្លី​។

នៅ​ក្នុង​ពិធី​នេះ ក៏​មាន​ការ​យាង​ចូល​រួម​របស់​ព្រះ​រាជ​អគ្គ​មហេសី ព្រះ​មាតា​ជាតិ​ខ្មែរ និង​សម្ដេច​ព្រះ​ករុណា​ជីវិត​តម្កល់​លើ​ត្បូង ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហមុនី ផង​ដែរ ដែល​ព្រះ​អង្គ​ទាំង​ទ្វេរ​បាន​មាន​ព្រះ​រាជ​បន្ទូល​ប្រកប​ដោយ​ព្រះ​រាជ​ទុក្ខ​សោក​ជា​អនេក​ ដោយ​សារ​ការ​យាង​ចូល​ទី​វង្គត​របស់​ព្រះ​មហា​វីរក្សត្រ​។

ខាង​ក្រោម​នេះ​ជា​រូបភាព​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ថត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​សោក​ស្ដាយ​ដោយ​ខ្ញុំ​មិន​បាន​ថត​ព្រះ​ភ័ក្ត្រ​សម្ដេច​ម៉ែ និង​សម្ដេច​ព្រះ​ករុណា។

ទិដ្ឋភាព​ខាង​មុខ​ព្រះ​បរមរាជវាំង នៅ​ល្ងាច​ថ្ងៃទី ១៨ ខែ​តុលា ឆ្នាំ ២០១២

ខាង​ក្រោម​នេះ​ជា​រូបភាព​មួយ​ចំនួន​របស់​បង​ប្អូន​ជន​រួម​ជាតិ​ដែល​បាន​មក​កាន់​ព្រះ​បរមរាជវាំង​ដើម្បី​​សម្ដែង​នូវ​សេចក្ដី​​គោរព ស្រឡាញ់ សោក​សៅ ​អាឡោះ​អាល័យ​ និង​ដើម្បី​អុជធូប​បន់​ស្រន់ បួង​សួង និង​សូត្រ​ធម៌​ឧទ្ទិស​ព្រះ​រាជ​កុសល​ថ្វាយ​ដល់​ព្រះ​បរមសព​សម្ដេច​ព្រះ​មហា​វីរក្សត្រ នា​ល្ងាច​ថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែ​តុលា ឆ្នាំ ២០១២ ដែល​ជា​ថ្ងៃទីបួន នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្ដេច​ព្រះ​វររាជ​បីតា​ជាតិ​ខ្មែរ និង​ជា​ថ្ងៃ​ទី​ពីរ​ បន្ទាប់​ពី​ព្រះ​បរមសព​របស់​ព្រះ​អង្គ​ត្រូវ​បាន​ដង្ហែ​មក​កាន់​ព្រះ​បរមរាជរាំង។

ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ទទួល​ព្រះ​បរមសព​ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ

ព្រះ​បរមសព​អតីត​ព្រះ​មហាវីរក្សត្រ នរោត្ដម សីហនុ ត្រូវ​បាន​យាង​ត្រឡប់​ពី​ប្រទេស​ចិន​​មក​កាន់​ព្រះ​បរមរាជវាំង​នៃ​ប្រទេស​កម្ពុជា​វិញ កាល​ពី​រសៀល​ថ្ងៃទី ១៧ ខែ​តុលា ឆ្នាំ ២០១២ ដោយ​មាន​ការ​ទទួល​ និង​ដង្ហែ​ពី​សំណាក់​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់ ព្រះ​សង្ឃ ដូនជី​តាជី ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី គ្រូ​បង្រៀន សិស្ស និស្សិត សិល្បករ ភ្ញៀវ​ទេសចរណ៍​​បរទេស។ល។ ជា​ច្រើន​ម៉ឺន​នាក់ ដែល​បាន​ឈរ​អម​សង​ខាង​ផ្លូវ​ចាប់​តាំង​ពី​ខាង​មុខ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ព្រះ​បរមរាជវាំង។

ព្រះ​បរមសព​ព្រះ​ករុណា ព្រះ​មហាវីរក្សត្រ នឹង​ត្រូវ​តម្កល់​នៅ​ព្រះ​បរមរាជវាំង​រយៈពេល​មិន​តិច​ជាង​បី​ខែ​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​តាម​ប្រពៃ​ណី។ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស​កាន់​ទុក​រយៈពេល​ប្រាំពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃទី ១៧ ខែ​តុលា ឆ្នាំ ២០១២ នេះ​ទៅ។

ខាង​ក្រោម​នេះ​ជា​រូបភាព​មួយ​ចំនួន​ដែល​បាន​ផ្ដិត​យក​នៅ​ជុំវិញ​វិមាន​ឯករាជ្យ ៖