Category Archives: វិទ្យាសាស្ត្រ

ភព​ថ្មី​មួយ​ដែល​គ្រប​ដណ្ដប់​ដោយ​ទឹក ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ទ្រទ្រង់​ជីវិត​បាន

តារាវិទូបានរកឃើញភពថ្មីមួយដែលគ្របដណ្ដប់ដោយទឹក មានឈ្មោះថា GJ1214b ដោយមានបរិយាកាសចំហាយទឹកគ្រាស់ឃ្មឹកដែលគេជឿថាអាចទ្រទ្រង់ជីវិតបាន។

អ្នកវិទ្យាសាស្ត្របានរកឃើញភព GJ1214b ដែលជាភពយ៉ាងធំវិលជុំវិញផ្កាយក្រហមក្នុងរយៈចម្ងាយ ៤០ ឆ្នាំពន្លឺ។ រូបថត ៖ AFP/Getty

ការរកឃើញថ្មីនេះគឺជាភពយ៉ាងធំមួយដែលមានទំហំធំជាងផែនដីយើង ២.៧ ដង ដោយវិលជុំវិញផ្កាយក្រហមមួយក្នុងរយៈចម្ងាយពីរលានគីឡូម៉ែត្រ។

តារាវិទូបានចាប់ផ្ដើមសង្កេតនៅឆ្នាំ ២០០៩ ដោយជឿជាថាឧស្ម័នដែលនៅជុំវិញភពនេះអាចស្រដៀងនឹងឧស្ម័នដែលត្រូវបានរកឃើញនៅលើព្រះច័ន្ទថាយថែន (Titan) ដែលជាព្រះច័ន្ទមួយក្នុងចំណោមព្រះច័ន្ទជាច្រើននៃភពព្រះសៅរ៍។

ទោះបីជាយ៉ាងនេះក្ដី បន្ទាប់ពីការពិនិត្យបន្ថែមទៀតដោយកែវឆ្លុះហាប់ប៊លមក អ្នកវិទ្យាសាស្ត្របានចាត់ទុកភព GJ1214b នេះថាជាភពដែលគ្របដណ្ដប់ដោយទឹក។

លោក ហ្សាឆរី ប៊័រតា ជាអ្នកដឹកនាំការសិក្សានេះ មកពីមជ្ឈមណ្ដលតារាសាស្ត្រ ហាវើដ ស្មីតសូនៀន បានមានប្រសាសន៍ថា “GJ1214b មិនដូចជាភពដែលយើងស្គាល់ទេ។ មួយភាគធំនៃផ្ទៃរបស់វាគ្របដណ្ដប់ដោយទឹក”។

សីតុណ្ហភាពទទួលបានពីផ្កាយក្រហមដែលវាវិលជុំវិញនេះអាចឈានដល់ ២០០ អង្សាសេ ដែលរួមផ្សំជាមួយវត្តមាននៃទឹកផង អាចធ្វើឲ្យជិវិតកកើតឡើងបាន។

លោក ប៊័រតា បានបន្ថែមថា “សីតុណ្ហភាព និងសម្ពាធខ្ពស់ទាំងនេះ អាចបង្កើតបានជារូបធាតុចម្លែកៗ ដូចជាំ “ទឹកកកក្ដៅ” ឬ “ទឹកយ៉ាងច្រើនលើសលុប” ជាសារធាតុដេលខុសប្លែកគ្នាទាំងស្រុងពីបទពិសោធន៍ប្រចាំថ្ងៃរបស់យើង”។

តារាវិទូជាច្រើនមិនដែលបានរកឃើញភពដែលគ្របដណ្ដប់ដោយទឹកកកដូច្នេះពីមុនមកទាល់តែសោះ គឺមានតែភពដែលបង្កើតឡើងពីថ្ម និងឧស្ម័ន ដូចករណីភពព្រះសុក្រ និងភពព្រះសៅរ៍ និងភពដែលបង្កើតឡើងពីទឹកកកប៉ុណ្ណោះ។

ប្រភព ៖ http://www.metro.co.uk